នៅក្នុងសង្កាត់ ឈីម សាឈុយ (Tsim Sha Tsui) នៃទីក្រុងហុងកុង, ផ្សារទំនើបបុរាណ 1881 Heritage ធ្លាបតែប្រើដើម្បីទាក់ទាញការតម្រង់ជួររបស់អ្នកទេសចរចិនដីគោក ដែលចង់ទិញទំនិញនៅហាងនានាដែលដំណើរការដោយប្រេនម៉ាកដូចជា Tiffany, Cartier និង Chopard ។ ពេលនេះ ទីតាំងនោះ មិនអាចទាក់ទាញហ្វូងមនុស្ស ឬម៉ាកយីហោទៀតទេ។ មានតែ៣យូនីត ក្នុងចំណោមជាង៣០យូនីត នៅផ្សារទំនើប របស់ក្រុមហ៊ុន CK Asset Holdings Ltd. របស់មហាសេដ្ឋី លី កាស៊ីង (Li Ka-shing) មានតាំងទំនិញលក់ ហើយទីធ្លាធំទូលាយរបស់វា គឺមានភាពស្ងាត់ឈឹង។

យោងតាមភ្នាក់ងារអចលនៈទ្រព្យដែលស្និទ្ធនិងកិច្ចព្រមព្រៀងនោះ ឱ្យដឹងថា នៅលើផ្លូវ Canton Road ក្បែរនោះ ហាង១ដែលពីមុនផលិតផលរបស់ Omega របស់ក្រុមហ៊ុន Swatch Group AG បានជួលក្នុងតម្លៃប្រហែល ៧.៥ លានដុល្លារហុងកុង (៩៦២,០០០ ដុល្លារ) ក្នុងមួយខែ ត្រូវបានជួលទៅឱ្យធនាគារមួយក្នុងតម្លៃតិចជាង ៨០% ។ នៅឯផ្លូវ Russell Street នៃតំបន់ Causeway Bay, ភោជនីយដ្ឋានបម្រើអាហារទាន់ចិត្តដែលមានឈ្មោះ Transformers បានមកជួលជំនួសកន្លែងរបស់ក្រុមហ៊ុន Burberry Plc។ ដោយបដិសេធមិនបង្ហាញអត្តសញ្ញាណព្រោះតែបញ្ហានេះ គឺរឿងឯកជន, ក្រុមភ្នាក់ងារ បាននិយាយថា ការជួលរបស់ពួកគេ គឺ ក្រោម៨៩%, ទាបជាង៨.៨ លានដុល្លារហុងកុង ដែលក្រុមហ៊ុនអង់គ្លេសនោះ ធ្លាប់ជយល ក្នុងឆ្នាំ ២០១៩។

ការដួលរលំ នៃការចំណាយខ្ពស់នៅប្រទេសចិន បានធ្វើឱ្យមានការរង្គោះរង្គើដល់ទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគ លើម៉ាកយីហោប្រណីតៗ នៅទូទាំងពិភពលោក ខណៈដែលក្រុមហ៊ុនមកពី LVMH រហូតដល់ Richemont និង L’Oreal រាយការណ៍ពីការលក់ធ្លាក់ចុះ នៅក្នុងតំបន់នោះ។ ពុំមានកន្លែងណា ដែលបង្ហាញទំហំនៃការធ្លាក់ចុះតម្រូវការ ច្បាស់ជាងនៅទីក្រុងហុងកុងនោះទេ ដែលអស់ពេលជាច្រើនឆ្នាំមកហើយ ទីនេះ គឺជាគោលដៅពេញនិយមសម្រាប់ភាពសម្បូរបែបរបស់ចិន ដើម្បីទាក់ទាញក្រុមអ្នករចនាម៉ូដកាបូប និងនាឡិកាស្វីស។

ទីតាំងផ្សារទំនើប 1881 Heritage របស់មហាសេដ្ឋីលី កាស៊ីង មើលពីលើ

លោក Edwin Lee ស្ថាបនិកក្រុមហ៊ុន Bridgeway Prime Shop Fund Management Ltd. ដែលជាម្ចាស់ផលប័ត្រអចលនទ្រព្យលក់រាយនៅទូទាំងហុងកុង បាននិយាយថា៖ «ទីផ្សារប្រណីតរបស់ហុងកុងពេលមួយនោះ ធ្លាប់ជាឋានសួគ៌មួយ ប៉ុន្តែពេលនេះវាបានក្លាយជារឿងអតីតកាលទៅហើយ ។ ថ្ងៃ​ដែល​ក្រុមអ្នក​ទេសចរ​មក​ហុងកុង ​ដើម្បី​ទិញ​ផលិតផល​ប្រណីត​ដោយ​មិន​បាន​គិតច្រើន​នោះ​ បាន​កន្លង​ផុត​ទៅ​ហើយ»។

ផ្សារទំនើប 1881 Heritage របស់មហាសេដ្ឋីហុងកុង លី កាស៊ី នៅលើផ្លូវ Canton Road នៃសង្កាត់ ឈិម សាឈុយ

អ្នកនាំពាក្យម្នាក់ របស់ CK Asset បាននិយាយថា ផ្សារទំនើប 1881 Heritage កំពុងធ្វើការកែប្រែឡើងវិញនូវការលក់រាយចម្រុះរបស់ខ្លួន និងគ្រោងផ្តល់ជូនជាហាង F&B ធម្មតាបន្ថែមទៀត ក៏ដូចជាប្រេនជាច្រើន ដោយយកក្រុមអ្នកទិញទំនិញ Gen Z ជាគោលដៅ។ ម្ចាស់ហាងនៅផ្លូវ Canton Road មិនអាចទាក់ទងបាន ដើម្បីសុំការអត្ថាធិប្បាយនោះទេ ខណៈដែលម្ចាស់ផ្ទះនៅលើផ្លូវ Russell Street ដែលធ្លាប់កាន់កាប់ដោយ Burberry, Soundwill Holdings Ltd. បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

តួលេខផ្លូវការបង្ហាញថា ភ្ញៀវទេសចរចិនកាន់តែតិចជាងមុន បានមកទស្សនាទីក្រុងនេះនៅមុនពេលជំងឺកូវីដរាតត្បាត ហើយអ្នកដែលមកចំណាយត្រឹមតែមធ្យម គឺពាក់កណ្តាលនៃអ្វីដែលពួកគេធ្លាប់ចាយ។ ក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញ ពេលដែលព្រំដែនរវាងទីក្រុងនេះ និងចិនដីគោកបានបើកឡើងវិញនៅដើមឆ្នាំ ២០២៣ មិនទាន់ឃើញលេចឡើងនោះទេ។ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ ការលក់ទំនិញប្រណិត ដែលក្នុងនោះមានទាំងវត្ថុ ដូចជាគ្រឿងអលង្ការ នាឡិកា និងបង្កាន់ដៃហាងលក់ទំនិញ – គឺមានត្រឹហ​៤០%, ទាបជាងកម្រិតឆ្នាំ ២០១៨។

ផ្សារទំនើប 1881 Heritage លើផលិតផលប្រេនប្រណីតៗ ស្ទើរតែគ្មានអ្នកទិញ

ការចំណាយទាប និងហាងដែលបិទទ្វារ កំពុងបន្ថែមអារម្មណ៍កាន់តែឈឺចាប់ខ្លាំងនៅក្នុងក្រុងហុងកុង។ តម្លៃផ្ទះ មានកម្រិតទាបរយៈពេល៨ឆ្នាំហើយ ទីតាំងការិយាល័យដែលគ្មានអ្នកជួល គឺខ្ពស់ស្ទើរតែជាប់កំណត់ត្រា ហើយសន្ទស្សន៍ហ៊ុនគោល គឺស្ថិតក្នុងចំណោមលទ្ធផលអាក្រក់បំផុតរបស់ពិភពលោក។ បញ្ហារបស់ទីក្រុងចំណាស់នេះ ត្រូវបានកើនឡោះងដោយការហូរចេញនៃអ្នកតាំងទីលំនៅវ័យក្មេង ខណៈដែលការបង្រ្កាបរបស់រដ្ឋាភិបាលលើប្រឆាំង បានធ្វើឱ្យមានការរង្គោះរង្គើទំនុកចិត្តអន្តរជាតិនៅក្នុងក្រុងនេះ។ ដោយច្របាច់អាជីវកម្មបញ្ចូលគ្នាបន្ថែមទៀត, ការចំណាយលើការខ្ចីប្រាក់ បានកើនឡើងដោយសារតែបញ្ហារូបិយប័ណ្ណជាមួយនឹងប្រាក់ដុល្លារ ដែលបង្ខំឱ្យទីក្រុងនេះនាំចូលគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។

នៅក្នុងសញ្ញានៃ ទំនុកចិត្តចុះខ្សោយ, ការចំណាយរបស់គ្រួសារ បានធ្លាក់ចុះរយៈពេល៣ខែហើយមកដល់ខែមិថុនាជាលើកដំបូង ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ ២០២២ ខណៈដែលក្រុមអ្នកវិភាគ បានព្យាករថាកំណើនសេដ្ឋកិច្ច នឹងថយចុះនៅឆ្នាំក្រោយ ចាប់ពីឆ្នាំ ២០២៣​តទៅ។

ក្រុមហ៊ុន New World Development Co., Ltd. ក៏បានប្រកាសពីការខាតបង់ចំនួន ២០ពាន់លានដុល្លារហុងកុង ពេញមួយឆ្នាំ

ក្រុមហ៊ុនជាច្រើនទៀត ក៏កំពុងរងទុក្ខផងដែរ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន New World Development Co. Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏ធំបំផុត១របស់ទីក្រុង ដែលដំណើរការផ្សារទំនើបផងដែរ បានព្រមានថា ខ្លួននឹងប្រកាសពីការខាតបង់ចំនួន ២០ពាន់លានដុល្លារហុងកុង ពេញមួយឆ្នាំ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះ ដោយនៅឆ្នាំនេះបានធ្លាក់ចុះដល់ទៅ 44% ។

មហាសេដ្ឋីល្បីឈ្មោះ លី កាស៊ី របស់ហុងកុង

សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Natixis SA លោក Gary Ng មានប្រសាសន៍ថា៖ “ការធ្លាក់ចុះ នៃផ្នែកផលិតផលប្រណីតរបស់ហុងកុង គឺជារោគសញ្ញា នៃការប្រឈមមុខដាក់គ្នានៃសេដ្ឋកិច្ចបច្ចុប្បន្ន ដែលអាចរួមចំណែកដល់កំណើនយឺតយ៉ាវ និងការអត់ការងារធ្វើ។ នេះមានន័យថា មជ្ឈដ្ឋានប្រកបដោយគុណធម៌នៃប្រាក់ចំណូលកាន់តែខ្ពស់, ឥទ្ធិពលទ្រព្យសម្បត្តិ និងប្រាក់ចំណេញសាជីវកម្មដែលចិញ្ចឹមដល់ការប្រើប្រាស់ គឺលែងដំណើរការល្អទៀតហើយ”។

យោងតាមក្រុមហ៊ុន ​​Cushman & Wakefield Plc ឱ្យដឹងថា តំបន់ខ្លះដែលរងផលប៉ះពាល់អក្រក់បំផុតពីការដកថយនៃម៉ាកយីហោប្រណីត គឺជាតំបន់ដែលភ្ញៀវស្វែងរកច្រើនបំផុត កាលពីការកើនឡើងដោយសារតែប្រជាប្រិយភាពនៃតំបន់ ក្នុងចំណោមអ្នកទិញទំនិញចិនដីគោក។ នោះគឺនៅសង្កាត់ ឈីម សាឈុយ នៅ កៅលុន និង ឆាកខសស្វេ នៅលើកោះហុងកុង។ ក្នុងឆ្នាំ ២០១៨ ម្ចាស់ផ្ទះនៅ ឆក​ខសស្វេ ទាមទារថ្លៃជួល $២,៦៧១ ក្នុង១ហ្វីតការ៉េ ក្នុងការជួលប្រចាំឆ្នាំ ដែលជាតម្លៃខ្ពស់បំផុត លើពិភពលោក។ តាំងពីពេលនោះមក ការជួលនៅតំបន់នោះ បានធ្លាក់ចុះទាបជាងសង្កាត់ឈីម សាឈុយ ដែលតម្លៃសួរជាមធ្យមគឺ $១៤៩៣ ក្នុងឆ្នាំ ២០២៣។ តម្លៃនោះ គឺតិចជាងតម្លាំផ្លូវ Upper 5th Avenue របស់ក្រុងញូវយ៉ក និង នៅ Via Montenapoleone របស់ក្រុងមីឡាន អ៊ីតាលី។

ភាពអាប់អួរបែបនេះ គឺនៅឆ្ងាយពីដើមសតវត្សន៍នេះខ្លាំងណាស់ នៅពេលដែលអតីតអាណានិគមអង់គ្លេស ត្រូវបានដាក់យ៉ាងល្អឥតខ្ចោះ ដើម្បីទាញយកអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិដែលកំពុងរីកចម្រើនរបស់ប្រទេសចិន ដោយសារតែភាពជិត និងកង្វះទំនិញ ឬពន្ធលើសេវាកម្ម។ យោងតាមតួលេខផ្លូវការជាច្រើន ឱ្យដឹងថា នៅកម្រិតកំពូលក្នុងឆ្នាំ ២០១៣ ការលក់ផលិតផលប្រណីត មានចំនួនសរុបប្រហែល ១៦៥ពាន់លានដុល្លារហុងកុង ដែលស្មើនឹង១/៣ នៃទីផ្សារលក់រាយទាំងមូល ខណៈដែលភ្ញៀវទេសចរចិនដីគោកជាមធ្យម ១១២,០០ នាក់ បានហូរចូលមកក្នុងទីក្រុងនេះជារៀងរាល់ថ្ងៃ។

បន្ថែមពីលើបញ្ហានេះ គឺជាប្រាក់យួនបានឡើងថ្លៃយ៉ាងឆាប់រហ័ស ដែលក្នុងពេលដ៏ខ្លីបានកើនឡើងខ្ពស់ជិត២ទសវត្សរ៍ ធៀបនឹងប្រាក់ដុល្លារហុងកុង។ ខណៈដែលការចំណាយបានធ្លាក់ចុះក្នុងឆ្នាំបន្ទាប់ ប្រាក់យួន ក៏នៅតែកើនឡើងរហូតដល់មានការតវ៉ាទូទាំងក្រុងក្នុងឆ្នាំ ២០១៩ និងបានរារាំងក្រុមអ្នកធ្វើដំណើរផងដែរ។ មិនយូរប៉ុន្មាន ព្រំដែនជាមួយចិនដីគោក ក៏បានបិទដោយសារតែ Covid ហើយនឹងបើកឡើងវិញជិត៣ឆ្នាំក្រោយមក។

វិនិយោគិនក្នុងអចលនទ្រព្យលក់រាយ លោក Lee បាននិយាយថា ទីផ្សារផលិតផលប្រណីត នឹងមិនអាចទទួលបានមកវិញ នូវថ្ងៃរុងរឿងរបស់វាឡើយ។ លោក​ បានគូសបញ្ជាក់​ថា៖ “កុំ​គិតអំ​ពី​ការ​វិល​ទៅកាន់​កន្លែង​ដែល​យើង​ធ្លាប់ទទួលបាន​នៅ​ក្នុង​ឆ្នាំ ២០១៣ និង ២០១៤អី។ វាប្រហែលជាត្រូវចំណាយពេលពី ៤ ទៅ ៥ឆ្នាំ ដើម្បីត្រលប់ទៅកាន់ឆ្នាំ ២០១៨ និង ២០១៩​វិញ” ។

បុរសរូបនោះ បាននិយាយថា មូលនិធិរបស់លោកដែលគ្រប់គ្រងទ្រព្យសកម្មប្រហែល ១.៤ ពាន់លានដុល្លារហុងកុង គិតត្រឹមដំណាច់ខែមិថុនា ឃើញថា តម្លៃទ្រព្យសកម្មសុទ្ធលោក ក្នុងរយៈពេល៣ឆ្នាំធ្លាក់ចុះ ៩.៧% ។ នោះ​ គឺ​ជា​អារម្មណ៍​មិន​ល្អ​ក្នុង​ចំណោម​អ្នក​វិនិយោគ ដែលអ្នក​ខ្លះ​ចង់​ចាកចេញ​មុន​ពេល ដោយ​លក់​អចលនទ្រព្យ​ខ្លះ​ដើម្បី​ដក​ប្រាក់សុទ្ធមកកាន់វិញ។

លោក Lee គឺនៅឆ្ងាយពីផលប៉ះពាល់ធ្ងន់បំផុតពីការធ្លាក់ចុះនៃការលក់រាយនេះ ដោយសារគាត់ផ្តោតលើការទិញហាងក្នុងតំបន់ដែលបម្រើអាហារក្នុងស្រុកភាគច្រើន។ គ្រួសារសពលោក Tang Shing-bor ដែលត្រូវបានគេស្គាល់ថាជា “ស្តេចនៃហាង” នៅហុងកុង បាន​និងកំពុងស្វែងរកការលក់អចលនទ្រព្យដែលមានតម្លៃរាប់ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ២០២០ ដោយសារតែការចំណាយខ្ពស់លើកម្ចី និងការជួលធ្លាក់ចុះ។ ក្រុមម្ចាស់​បំណុល ​បាន​ប្តឹង​សមាជិក​គ្រួសារ​របស់ Tang ឲ្យការ​សង​ប្រាក់​កម្ចី​ដែល​នៅជំពាក់។

ប្រាកដ​ណាស់ ម៉ាក​ល្បីៗជាច្រើន ​មិនបាន​បោះបង់ចោល​ក្រុងហុងកុង​ទាំង​ស្រុង​ទេ។ ទីក្រុង​នេះ ​មិន​ខ្វះ​បុគ្គលអ្នក​មាន​ទេ បើ​ទោះ​ជា​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ ត្រូវ​បានខាតបង់​ក៏​ដោយ។ ម៉ាកយីហោជាច្រើន ក៏នៅតែទទួលបានការស្រឡាញ់ដោយម្ចាស់ផ្សារទំនើបធំៗផងដែរ ដែលអាចផ្តល់ភាពបត់បែនកាន់តែច្រើនទៅជាផ្ទះជាន់ផ្ទាល់ដីជាងម្ចាស់ដីនៅតាមដងផ្លូវធំៗ។

Bloomberg News បានរាយការណ៍កាលពីខែកក្កដាថា ជាឧទាហរណ៍ Prada SpA កំពុងកាន់កាប់ហាងទំហំ ៨,០០ហ្វីតការ៉េ នៅក្នុងផ្សារទំនើប K11 Musea របស់ពិភពថ្មី ដែលការជួលទំនងជាត្រូវបានផ្អែកលើការលក់ហាងមួយផ្នែក។

ក្រុមហ៊ុន Hongkong Land Holdings Ltd. និងក្រុមអ្នកជួល Hermes International SCA និង LVMH រួមគ្នាកែប្រែ អគារ Landmark ទៅជាផ្សារលក់រាយ​ក្នុងតំបន់

នៅក្នុងផ្សារទំនើប Landmark នៅភាគកណ្តាល ម្ចាស់ក្រុមហ៊ុន Hongkong Land Holdings Ltd. និងក្រុមអ្នកជួល ក្នុងនោះមានទាំងក្រុមហ៊ុន Hermes International SCA និងក្រុមហ៊ុន LVMH កំពុងវិនិយោគរួមគ្នាលើទឹកប្រាក់ ១ពាន់លានដុល្លារ ដើម្បីកែលម្អតំបន់លក់រាយ ដើម្បីបង្កើនទំហំលក់របស់ហាង។ យោងតាម ​​Alexander Li ប្រធានផ្នែកលក់រាយនៅ Hongkong Land ឱ្យដឹងថា ផ្សារទំនើប Landmark គឺមានភាពធន់ទៅនឹងការផ្លាស់ប្តូរលើគំរូទេសចរណ៍ ព្រោះ ៨០% នៃអតិថិជនរបស់ខ្លួន ជាអ្នករស់នៅក្នុងតំបន់ ។ ក្រុ​អ្នកដើរទិញឥវ៉ាន់កំពូលទាំង៧០ របស់ផ្សារទំនើប បានចំណាយប្រាក់សរុបចំនួន ១ពាន់លានដុល្លារហុងកុង ក្នុងឆ្នាំ 2023 ។

យោងតាម ​​Angelito Perez Tan, Jr. សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន RTG Group Asia ដែលអាជីវកម្មរបស់ពួកគេ ក៏មានការពិគ្រោះយោបលលើផលិតផលប្រណីត ឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ហាងធំៗជាងនេះ អាចជួបយុទ្ធសាស្ត្រប្រថុយប្រថានមួយ ដោយសារទស្សនវិស័យផ្តល់ឱ្យមិនល្អ និងការជួលនៅតែថ្លៃ ព្រោះទីតាំងធំជាង តម្លៃក៏ខ្ពស់ជាង៕

ដើម្បីទាក់ទាញភ្ញៀវ និងជំរុញការចាយវាយ, អាជ្ញាធរមូលដ្ឋាន បាននិងកំពុងរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំជាច្រើន ដូចជាសន្និសីទ ការតាំងពិពណ៌ និងពិធីបុណ្យកានីវ៉ាល់នានា ដោយមានជាង ១០០គ្រោងសម្រាប់ឆមាសទីពីរនៃឆ្នាំនេះ។ កាល​ពី​ខែ​កុម្ភៈ រដ្ឋាភិបាលនេះ ​បាន​និយាយ​ថា ខ្លួន​នឹង​បញ្ចេញប្រាក់ ១,១ ពាន់​លាន​ដុល្លារ​ហុងកុង ដើម្បី​លើកស្ទួយវិស័យ​ទេសចរណ៍។ មេដឹកនាំក្រុង លោក John Lee ក៏បានស្នើយោបល់ឱ្យក្រុមអ្នកស្រុក ញញឹមឲ្យបានកាន់តែច្រើន ដើម្បីធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្វាគមន៍៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព